បាងកក ៖ ជាមួយនឹងកម្រិតជីវភាពកាន់តែល្អប្រសើរជាងមុន ប្រជាពលរដ្ឋកម្ពុជា បានធ្វើដំណើរកំសាន្តទៅក្រៅប្រទេសកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយគ្នានោះផងដែរ សម្រាប់បងប្អូនដែលចេញទៅក្រៅប្រទេសគឺក្នុងគោលដៅចម្បងពីរ គឺទៅកំសាន្តតំបន់ទេសចរល្បីៗផង និងឆ្លៀតឱកាសត្រួតពិនិត្យសុខភាពផង។
ប្រាកដណាស់ការបរិភោគ និងស្វែងរកអាហារតាមដងផ្លូវនៅទីក្រុងបាងកកបាននិងកំពុងទទួលការពេញនិយមខ្លាំងឡើងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះតម្លៃធូរថ្លៃ អាហារមានរសជាតិឆ្ងាញ និងមានអនាម័យផងដែរ ដូច្នេះទីក្រុងបាងកក គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងល្អបំផុតក្នុងពិភពលោកសម្រាប់ការញុំម្ហូបអាហារគ្រប់ប្រភេទ។
លោកស្រី ស្រីផុន ផេកាណាន់ដាណា (Sripon Bhekanandana) អនុប្រធាននាយកដ្ឋានប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកនៃអាជ្ញាធរទេសចរណ៍ថៃ (Tourism Authority of Thailand) បានឲ្យដឹងថា នៅប្រទេសថៃ ក្រៅពីតំបន់ទេសចរណ៍ល្បីៗនៅក្រុងបាងកក និងបណ្តាខេត្តផ្សេងៗទៀត គឺអាហារថៃក៏កំពុងល្បីល្បាញ និងទទួលបានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេសគ្រប់ជាតិសាសន៍ដែលអញ្ជើញទៅកំសាន្ត និងទេសចរសុខភាពនៅប្រទេសថៃ ។
ស្រីផុន ផេកាណាន់ដាណា មានប្រសាសន៍ថា៖ «នៅបាងកកពិតមានទីកន្លែងជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរបរទេសកំសាន្តរីករាយជាមួយនឹងការទិញឥវ៉ាន់ និងអ្វីដែលពេញនិយមបំផុតគឺអាហារតាមដងផ្លូវ (Street foods)»។
ដើម្បីឲ្យដំណើរកំសាន្តសុខភាពរបស់លោកអ្នក កាន់តែល្អប្រសើរ និងបានស្គាល់នូវរសជាតិម្ហូបប្លែក កោះសន្តិភាពសូមលើកយកនូវទីតាំងមួយចំនួនដែលប្រជាពលរដ្ឋខ្មែរទៅកំសាន្ត និងទទួលទានអាហារ ៖
១- ឆាយណាថោន (ChinaTown Bangkok) ៖ ឆាយណាថោននៅទីក្រុងបាងកក គឺជាកន្លែងទាក់ទាញទេសចរជាតិ និងអន្តរជាតិដ៏ពេញនិយម និងជាកន្លែងដែលលោកអ្នករីករាយជាមួយនឹងចំណីអាហារគ្រប់ប្រភេទ ។ ទាំងភ្ញៀវជាតិ និងអន្តរជាតិអាចធ្វើដំណើរតាមឡានក្រុងសាធារណៈ ឬតាមរទេះភ្លើង ឬក៏តាមរយៈតុតុ មកកាន់ទីនេះបន្ទាប់ពីថ្ងៃលិច ដើម្បីភ្លក់នូវរសជាតិអាហារតាមដងផ្លូវ។
តាមប្រសាសន៍តម្រួតប្រចាំនៅតំបន់ Chinatown Bangkok បានឲ្យដឹងថា អាជីវករលក់តាមដងផ្លូវក្នុងប្លុកទេសចរ Chinatown គឺអនុញ្ញាតិឲ្យបើកលក់ទទួលភ្ញៀវចាប់ពីម៉ោង ៦ ល្ងាចតទៅ ហើយរាល់អាជីវករម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានតាមរទេះ គឺតម្រូវឲ្យពាក់មួក និងអាវអនាម័យសម្រាប់ចម្អិនអាហារ និងបម្រើសេវាកម្មដល់ភ្ញៀវទេសចរ ។ អាហារដែលល្បីនៅ Chinatown គឺ៖
ហាងគួយចាប់ (Kuay Jab Uan Pochana) ៖ ហាងមួយនេះត្រូវបានអាជ្ញាធរមូលដ្ឋានអះអាងថា ជាហាងគួយចាប់ (របៀបគុយទាវកាត់ខ្មែរ) ជាហាងដែលទទួលការពេញនិយមបំផុតមួយ ដោយសារតែការរក្សាបាននូវរសជាតិដើម។
ហាងលក់ទាខ្វៃ ៖ ហាងលក់ទាខ្វៃនៅមួយកន្លែងនៅ Chinatown គឺល្បីល្បាញខ្លាំងដោយសាររសជាតិពិសេស។
ហាងលក់គ្រឿងសមុទ្រ Jumbo Lobster ៖ លោក ឆៃ ចាឡឺម រ៉ាត់ចារាផន ម្ចាស់ហាង Jumbo Lobster អះអាងថា ហាងរបស់លោកគឺមានបង្កងយក្សដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ព្រោះបង្កងទាំងនោះត្រូវបាននាំចូលពីភូកេត ហើយក្នុងមួយថ្ងៃលោកលក់បង្កងយក្សនេះដាច់បានចន្លោះពី ២០ ទៅ ៣០ក្បាលក្នុងមួយថ្ងៃ ។
នំបុ័ងអាំង ៖ នៅពេលលោកអញ្ជើញទៅដល់ Chinatown លោកអ្នកនឹងបានឃើញក្រុមអ្នកទេសចរបរទេសឈរតម្រង់ជួរណែនណាន់តាន់តាប់ច្រើនជាងបណ្តាហាងតាមដងផ្លូវផ្សេងៗទៀត ដើម្បីទិញនំបុ័ងអាំងលាបប៊ើនៅទីនះ។
២- ហាងតាមផ្លូវសុខុមវីតតាមផ្លូវតូចលេខ ៣៨ ៖ ហាងអាហារតាមដងផ្លូវ គឺមានច្រើននៅទីនេះ ។ លោកអ្នកអាចអង្គុយតាមតុដែលអ្នកលក់បានរៀបចំលើដងផ្លូវមួយនេះ ហើយអ្វីដែលពិសេស នោះគឺមាន ជម្រើសច្រើនដើម្បីអង្គុយចុះនៅហាងណាមួយតាមបណ្តោយផ្លូវលេខ 38 ។ អាហារតាមផ្លូវនៅលើផ្លូវ 38 ត្រូវបានគេពេញនិយមទាំងភ្ញៀវទេសចរបរទេសក៏ដូចជាអ្នកស្រុករស់នៅទីក្រុងបាងកកផងដែរ ។
៣ – ផ្សាររាត្រី Rod Fai Train Night Market ៖ ទៅលេងបាងកក កុំភ្លេចឲ្យ សោះផ្សាររាត្រីមួយនេះ ព្រោះវាពោរពេញទៅដោយប្រភេទអាហារជាច្រើន និងឥវ៉ាន់ជាច្រើនប្រភេទ ដែល លោកអ្នកអាចទិញជាមួយតំលៃថោក។ អ្វីដែលល្អបំផុត គឺទៅលេងផ្សាររាត្រីនេះជាពេលចុងសប្តាហ៍ គឺអ៊ូអរខ្លាំងណាស់ ។ ផ្សាររាត្រី Rot Fai ជាផ្សារលក់ដូរដ៏ល្អបំផុតមួយនៅទីក្រុងបាងកកដែលមានទីតាំង ស្ថិតនៅលើផ្លូវ Srinakarin តាមផ្លូវតូចលេខ 51 នៅពីក្រោយ Seacon Square Shopping Mall ដែលមានចំងាយ ប្រហែល 18 គីឡូម៉ែត្រពីប្រាតានុម។ នៅទីនេះ លោកអ្នកអាចភ្លករសជាតិអាហារគ្រប់ប្រភេទ ជាពិសេសអាហាររសជាតិដើមរបស់ថៃតែម្តង។
៤- Asiatique ៖ ទៅដើរលេងកំសាន្ត ឬក៏ទេសចរណ៍សុខភាព អ្នកមិនគួរមើលរំលង Asiatique នោះទេ ។ Asiatique មាត់ទន្លេ (Asiatique Riverfront) គឺជាផ្សារដ៏ធំ និងពេញនិយមមួយនៅទីក្រុងបាងកកប្រទេសថៃ។ ស្ថិតនៅនឹងទន្លេឆាវប្រាយ៉ា Asiatique The Riverfront គឺជាទីផ្សាររាត្រីមួយដែលផ្តល់ឱ្យអ្នកនូវបទពិសោធន៍នៃការដើរទិញឥវ៉ាន់នៅផ្សារទំនើប និងផ្សាររាត្រីមួយ ភ្លក់រសជាតិអាហារចម្រុះ និងជាកន្លែងដែលោកអ្នកអាចរីករាយនឹងខ្យល់អាកាសបរិសុទ្ធ និងជាកន្លែងកំសាន្តជិះកន្ត្រកយក្សផងដែរ ៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
The post កន្លែងលក់អាហារឆ្ងាញ់តម្លៃសមរម្យនៅទីក្រុងបាងកក appeared first on Koh Santepheap Daily.