ចាប់តាំងពីបើកដំណើរការ សាកលវិទ្យាល័យហ្សាម៉ាន់ ទទួលបានភាពជោគជ័យ និងការទទួលស្គាល់ជាច្រើន ពីសំណាក់និស្សិត មាតាបិតា និងសាធារណជនទូទៅ។ ភាពជោគជ័យទាំងនេះ ក៏ដោយសារតែការពង្រឹងគុណភាពអប់រំរបស់សាកលវិទ្យាល័យផង និងកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ ជាមួយសាកលវិទ្យាល័យ និងស្ថាប័នឧត្តមសិក្សា នៅបណ្ដាប្រទេសនានាជុំវិញពិភពលោកផង។
តួយ៉ាង សាកលវិទ្យាល័យហ្សាម៉ាន់ ទើបតែប្រារព្ធខួបមួយឆ្នាំ នៃសហប្រតិបត្តិការ ជាមួយសាលាពាណិជ្ជកម្មអន្តរជាតិ Solbridge (Solbridge International School of Business) ដែលមានទីតាំងនៅ Daejeon ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតលំដាប់លេខ៥ របស់ប្រទេសកូរ៉េខាងត្បូង។

កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំទាំងពី បានផ្ដល់ឱកាសជាច្រើន ដល់និស្សិតសាកលវិទ្យាល័យហ្សាម៉ាន់។ ជាឧទាហរណ៍ សាកលវិទ្យាល័យហ្សាម៉ាន់បានបញ្ជូននិស្សិតចំនួនបីរូបហើយ ឱ្យទៅផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆមាស នៅសាលាពាណិជ្ជកម្មអន្តរជាតិ Solbridge ខណៈដែលនិស្សិតចំនួន១៥រូបផ្សេងទៀត បានធ្វើទស្សនកិច្ចរយៈពេលខ្លីនៅប្រទេសកូរ៉េខាងត្បូង តាមរយៈសាលាជាដៃគូដដែលនេះ។
នៅខែតុលាខាងមុខ និស្សិតសាកលវិទ្យាល័យហ្សាម៉ាន់មួយក្រុម ក៏នឹងចូលរួមប្រកួតប្រជែងគំនិតអាជីវកម្មមួយ ដែលសាលាពាណិជ្ជកម្មអន្តរជាតិ Solbridge ជាអ្នករៀបចំ និងជាម្ចាស់ផ្ទះ។ បេក្ខជន បេក្ខនារីមកពីទូទាំងពិភពលោកនឹងចូលរួមក្នុងការប្រកួតគំនិតអាជីវកម្មលក្ខណៈជាសាកលនេះ។ តាមរយៈកិច្ចសហប្រតិបត្តិរវាងសាលាទាំងពីរ និស្សិតក៏អាចសិក្សានៅសាកលវិទ្យាល័យហ្សាម៉ានរយៈពេលពីរឆ្នាំ និងនៅ Solbridgeរយៈពេលពីរឆ្នាំ ព្រមទាំងទទួលបានសញ្ញាបត្របរិញ្ញាបត្រពីហ្សាម៉ាន់ផង និងពីSolbridge ផង។

នៅពេលខាងមុខ សាកលវិទ្យាល័យ ហ្សាម៉ាន់នឹងបន្តរឹតចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសាលាពាណិជ្ជកម្មអន្តរជាតិ Solbridge បន្ថែមទៀត តាមរយៈកាបញ្ជូននិស្សិតទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) នៅទីនោះ។
សាកលវិទ្យាល័យហ្សាម៉ាន់ក៏នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំដ៏ទៃៗទៀតជុំវិញពិភពលោក ដើម្បីឱ្យនិស្សិតរបស់ខ្លួនទទួលបានឱកាសផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់សមត្ថភាពធនធានមនុស្សនៅកម្ពុជា។ បើតាមការឱ្យដឹង ពីគេហទំព័ររបស់សាលាពាណិជ្ជកម្មអន្តរជាតិ Solbridge សាលាមួយនេះមានបើកបង្រៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ដែលបង្រៀនជាភាសាអង់គ្លេស។
Solbridge មាននិស្សិតមកពី៥៦ប្រទេសទូទាំងពិភពលោក ហើយនិស្សិតអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចជា ចំណេះដឹងភាសាចិន ឬកូរ៉េ និងឱកាសទទួលបានការងារពីក្រុមហ៊ុនកូរ៉េនានា ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ដោយសហការ
The post ខួប១ឆ្នាំកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យហ្សាម៉ាន់ និងសាលាពាណិជ្ជកម្មអន្តរជាតិ Solbridge appeared first on Koh Santepheap Daily.