ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងគ្រប់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណៈភាព នៅវេលាម៉ោង០៩ និង២០នាទី នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានតម្កល់ធ្វើបុណ្យសពនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឆ្លងតាមដំណាក់ កាលក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកម្ពុជា ឯកឧត្តម ដែលជាថ្នាក់ដឹកនាំមួយដ៏ឆ្នើមក្នុងការដឹកនាំមន្ត្រីរាជការបំពេញកាតព្វ កិច្ចកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ ក្នុងរយៈពេល៤១ឆ្នាំមកនេះ។ ក្នុងមួយជីវិតរបស់លោក ដោយមានមនសិកាស្នេហាជាតិមាតុភូមិ និងប្រជាជន បានធ្វើកាបូជានូវកម្លាំងកាយ គំនិតបញ្ញា ស្មារតី ក្នុងការចូលរួមកសាងជាតិមាតុភូមិកម្ពុជា ដែលទើបរំដោះរួចពីរបបប្រល័យ ពូជសាសន៍ ប៉ុលពត នាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ និងកសាងការពារមាតុភូមិ កិច្ចអភិវឌ្ឍន៍ទៀតផង។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ តំណាងគ្រប់ស្ថាប័នជាតិ ក៏បានធ្វើការសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម ក្នុងជួរមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និងបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមក ព្រម ទាំងបានចូលរួមក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋាននៃខេត្តសៀមរាប។ ម្យ៉ាងទៀតការបាត់បង់ស្វាមី លោកឪពុក ជីតា ជាទីស្រឡាញ់របស់បងស្រី និងកូនៗចៅៗ ដូចគ្រប់ស្ថាប័នជាតិ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលឆ្នើមមួយរូប ក៏ដូចជាការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ។

ក្នុងនោះដែរគណៈប្រតិភូគ្រប់ស្ថាប័ន ក្រសួង ក៏បានធ្វើការបូជាទៀនធូប ដើម្បីឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ឹង ហឿន សូមឲ្យលោក បានទៅកាន់សុគតិភព។ វត្តមានរបស់គណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនាឱកាសនោះរួមមាន៖ គណៈប្រតិភូ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក សំរឹទ្ធ សារុណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានខុទ្ទកាល័យ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា, ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោក អ៊ឹង វណ្ណារិន អនុនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ,ប្រតិភូក្រសួងក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ដឹកនាំដោយ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី, ព្រមទាំងតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុន គ្រឹះស្ថានសិក្សាឯកជនផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាល ចូលរួមសម្តែងការរំលែកទុក្ខនៃក្រុមគ្រួសារសព គ្រប់តំណាងស្ថាប័នទាំងអស់ ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ស្ថាប័ននីមួយៗរួមទាំងបច្ច័យ ដើម្បីចូល រួមជាមួយក្រុមគ្រួសារនៃសព លោក អ៊ឹង ហឿន យកទៅប្រើប្រាស់ក្នុងពិធីធ្វើ បុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនាផងដែរ៕ ដោយ ៖ ច័ន្ទ រស្មី







