រាជធានីភ្នំពេញ ៖ Panasonic ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រនិកសម្រាប់ប្រើប្រាស់នៅតាមផ្ទះឈានមុខគេរបស់ប្រទេសជប៉ុន បានបង្ហាញនូវម៉ាស៊ីនត្រជាក់ទំនើបឆ្លាតវៃ SKY SERIES ឆ្នាំ២០១៨ ម៉ូដែលថ្មីបំពាក់ទៅដោយបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់បន្សុទ្ធខ្យល់ nanoe ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំនៃប្រតិបត្តិការអាជីវកម្មទូទាំងពិភពលោក កាលពីថ្ងៃទី១៦ មីនានៅសណ្ឋាគារ The Great Duke ។
បច្ចេកវិទ្យាទំនើបនេះ បង្កើតនិងអភិវឌ្ឍន៍ឡើងដើម្បីផ្តល់នូវខ្យល់បរិសុទ្ធដែលអាចបំបាត់ក្លិនអាក្រក់ និងស្រូបយកកំទេចធូលីតូចៗរួមទាំងបាត់តេរី និងមេរោគទៅក្នុងម៉ាស៊ីនត្រជាក់ឆ្លាតវៃ ។ ផ្អែកលើគំនិតគុណភាពខ្យល់សម្រាប់ជីវិត បច្ចេកវិទ្យាផ្តាច់មុខពីក្រុមហ៊ុន Panasonic នេះ មានគោលបំណងផ្តល់នូវខ្យល់បរិសុទ្ធ ដើម្បីគុណភាពជីវិតកាន់តែប្រសើរ ហើយក្រុមហ៊ុនជឿជាក់ថា លក្ខណៈពិសេសនៃម៉ាស៊ីនត្រជាក់ស៊េរីថ្មីត្រូវចំតម្រូវការរបស់អតិថិជន និងឈានក្តាប់ទីផ្សារបាន៦០% នៅក្នុងប្រទេសកម្ពុជា។
លោក Ichiro Suganuma នាយកប្រតិបត្តិនៃក្រុមហ៊ុន Panasonic Appliances Asia Pacific មានប្រសាសន៍ថា៖ «១០០ឆ្នាំបានកន្លងផុតទៅចាប់ពីក្រុមហ៊ុន Panasonic ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១៨ ។ តាំងពីដំបូងយើងបានធ្វើការអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជាមួយនិងគុណភាពល្អឥតខ្ចោះដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់ដែលមានរបៀបរស់នៅខុសៗគ្នានៅក្នុងពិភពលោក ។ ផ្អែកលើស្តង់ដាគុណភាពជប៉ុនយើងបានខិតខំផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ ជាមួយនិងបច្ចេកវិទ្យាទំនើបបំផុត»។
លោក Maresuke Nagatoshi ប្រធានតំណាងសាខារបស់ Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា ៖ «ម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ Panasonicនេះមិនត្រឹមផ្តល់នូវខ្យល់ត្រជាក់ប៉ុណ្ណោះទេ គឺយើងផ្តល់នូវដំណោះស្រាយខ្យល់សរុប ។
ម៉ាស៊ីនត្រជាក់ថ្មីប្រភេទ SKY SERIES របស់ Panasonic នេះ រួមបញ្ចូលនូវការច្នៃប្រឌិតខ្លាំងក្លា នៅក្នុងផ្នែកនីមួយៗ។ ម៉ូដែលថ្មីនេះ មានប្រព័ន្ធបោសសម្អាត ឆ្លាតវៃកម្រិតខ្ពស់ដោយបច្ចេកវិទ្យាទំនើប nanoe ដែលកែច្នៃទប់ស្កាត់បាត់តេរី និងមេរោគ បឺតស្រូបយកធូលី និងសម្អាតបន្ទប់របស់អ្នកឱ្យមានបរិយាកាសស្រស់ស្រាយ ទោះបីជាមុខងារត្រជាក់ត្រូវបានបិទក៏ដោយ»។
លោកបន្តថា ក្រៅពីការធានាផ្តល់នូវខ្យល់បរិសុទ្ធ ស្រស់ស្រាយ រស់នៅប្រកបដោយផាសុកភាព រូបរាងរបស់ម៉ាស៊ីនត្រជាក់ក៏ត្រូវបានរចនាឡើងថ្មីប្លែកជាមួយសន្ទះខ្យល់បក់ SKY WING នៅផ្នែកខាងលើបាញ់ខ្យល់ត្រជាក់ខ្លាំងជាងមុន ឆ្ងាយជាងមុនរួមជាមួយបច្ចេកវិទ្យា Inverter ថ្មីចុងក្រោយបង្អស់ដែលអាចសន្សំសំចៃថាមពលខ្ពស់ជាងមុន។ ជាមួយនិងរបកគំហើញថ្មីនៃបច្ចេកវិទ្យាទំនើបឆ្លាតវៃ nanoe ក្រុមហ៊ុនជឿជាក់ថាម៉ាស៊ីនត្រជាក់របស់ខ្លួននឹងដើរតួយ៉ាងសំខាន់ក្នុងការវាយលុកទីផ្សារគ្រឿងអេឡិចត្រូនិកប្រើប្រាស់នៅតាមផ្ទះ»៕
The post Panasonic ការបង្ហាញផលិតផលម៉ាស៊ីនត្រជាក់ស៊េរីថ្មី appeared first on Koh Santepheap Daily.