ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់ចំនួន២៥០ដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជននៅសហរដ្ឋអាមេរិក យកទៅប្រគល់ជូនដល់លោកតាអាយុ១០០ឆ្នាំហើយ កាលពីរសៀលថ្ងៃទី២១ មីនា ដែលលោកតាកំពុងរស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ អំណោយដ៏ថ្លៃថ្លានេះ បានមកពីសប្បុរសជន នៅសហរដ្ឋអាមេរិកចំនួនពីរនាក់ គឺលោកស្រីបុស្សបា ចេង និងលោកស្រី ពៅ មានទឹកប្រាក់សរុបចំនួន២៥០ ដុល្លារ ។ ប្រាក់នេះ បានដូរជាប្រាក់ខ្មែរតាមសំណូមពររបស់ម្ចាស់អំណោយបានចំនួន១លានរៀល ។
ជាមួយគ្នានេះដែរ ម្ចាស់អំណោយបានស្នើសុំឱ្យភ្នាក់ងារយើងទិញគុយទាវ១ចានផ្ញើជូនលោកតាផងដែរ ។ ក្រោយពីបានពិសារគុយទាវ និងទទួលថវិកាហើយ លោកតាសំ សុខ អាយុ១០០ឆ្នាំ មានសេចក្តីរីករាយឥតឧបមា និងបានលើកដៃសំពះថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានផ្តល់អំណោយជាទឹកប្រាក់យ៉ាងច្រើនបែបនេះ និងបានជូនពរដល់សប្បុរជនទាំងលើកនេះ និងលើកមុន សូមឱ្យសប្បុរសជន និងក្រុមគ្រួសារ ទាំងអស់ជួបប្រទះនៅសេចក្តីសុខគ្រប់ពេលវេលា និងសូមជូនពរ៤ប្រការទៀត គឺ អាយុៈ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លាងឃ្លាតឡើយ ។ លោកតាក៏បាននិយាយដែរថា «គុយនេះឆ្ងាញ់ណាស់ ចឹងហើយទើបគាត់ពិសាអស់១ចាន តែទាស់ថា សាច់ស្វិតមិនអាចពិសារដាច់ទេ» ។
សូមគួររំលឹកថា៖ បន្ទាប់ពីសារព័ត៌មានកោះសន្តិភាពបានផ្សាយពីនូវទុក្ខលំបាករបស់លោកតា សំ សុខ អាយុ១០០ឆ្នាំ ដែលកំពុងរស់នៅជាមួយកូន ស្រីឈ្មោះ សំ ផុន អាយុ៦៨ឆ្នាំ ជាអ្នកមើលថែរ តែការរស់នៅរបស់ពួកគាត់ ពឹងអាស្រ័យលើចៅពីរនាក់ប្តី-ប្រពន្ធដែលមានជីវភាពខ្វះខាត ។ ដោយឃើញពីទុក្ខលំបាក លោកតាអាយុ១០០ឆ្នាំ ដែលចង់ពិសារឆ្ងាញ់ផងនោះ តាមរយៈ បងប្អូន រស់នៅរាជធានីភ្នំពេញ ពួកគាត់ទាំងពីរនាក់ បានសម្រេចជួយឧបត្ថមប្រាក់ចំនួន២៥០ដុល្លា ដោយបានវ៉េផ្ញើមក ភ្នាក់ងារ កោះសន្តិភាព ប្រចាំ ខេត្តកំពង់ឆ្នាំង ហើយបានយកទៅប្រគល់ជូនលោកតា ដោយផ្ទាល់ដៃតែម្តង។
ក្នុងនាម កោះសន្តិភាពក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយ
ឧបត្ថម្ភលោកតាអាយុ១០០ឆ្នាំជាបន្តបន្ទាប់ និងសូមជូនពរសប្បុរសជនទាំងអស់ ជួបតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
The post លោកតា១០០ឆ្នាំ៖ «ឆ្ងាញ់ណាស់ញ៉ាំអស់១ចាន តែទាស់ថាសាច់ស្វិតទំពារអត់ដាច់» appeared first on Koh Santepheap Daily.