ខេត្តប៉ៃលិន ៖ ក្នុងឱកាសមុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដៃគូសម្ព័ន្ធមេត្រីភាពរបស់កងការពារ ព្រំដែនលេខ៥០៤ ស្ថិតនៅស្រុកព្រះសាលាក្រៅ ខេត្តប៉ៃលិន វេលារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ មានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងក្រុមហ៊ុនសណ្ឋាគារឯករាជ្យ ដែលមានលោក ឧត្តមសេនីយ៍ឯក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំយកអំណោយ គ្រឿងឧបភោគបរិភោគ និងថវិកាសរុបអស់ទឹកប្រាក់៦៥លានរៀល មកចែកជូនដល់ទាហានកងការពារ ព្រំដែនលេខ៥០៤ ចំនួន២៥២នាក់ កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកវរៈសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ បានមានមតិស្វាគមន៍ និងរាយការណ៍អំពីការរីកចម្រើនក្នុងអង្គភាព ការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ការងារអប់រំចិត្តសាស្ត្រ ការហ្វឹកហ្វឺនដល់កងកម្លាំងដើម្បីធានាគុណភាព ការបង្កបង្កើនផល ការចីញ្ចឹមសត្វដើម្បីធានាជីវភាពកងទ័ពបន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តការរួមគ្នាជាមួយកងកម្លាំង ប្រដាប់អាវុធកម្ពុជាដើម្បីដើរល្បាតរួមគ្នាជាមួយកងទ័ពថៃក្នុងការថែររក្សាស្ថិរភាព សន្តិសុខនៅតាមព្រំដែន។ លោកឧត្តមសេនីយ៍ឯក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ក្នុងនាមសមរភូមិក្រោយជួយសមរភូមិមុខ អង្គភាពលោក និងក្រុមហ៊ុនសណ្ឋាគារឯករាជ្យ តែងតែជួយជាប្រចាំរាល់ពេលមានតម្រូវការ ព្រោះកងទ័ពគឺជាអ្នកធានាឲ្យយើងបានសុខសន្តិភាព ទើបយើងអាចមានក្រុមហ៊ុន ដំណើរការរកស៊ីបានរហូតដល់សព្វថ្ងៃដោយគ្មានការភ័យខ្លាចអ្វីឡើយ។
លោកឧត្តមសេនីយ៍ឯកបានផ្តាំផ្ញើទៀតថា សូមគ្រប់កងកម្លាំងទាំងអស់នាំគ្នាថែរក្សាសុខភាពបន្ថែមទៀត ដោយបន្ទាប់ពីកិច្ចការពារជាតិ ហើយសម្តេចទាំង៣ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី តែងតែមានការជឿទុកចិត្តលើបងប្អូនកងទ័ពទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីរួមគ្នារក្សាបាននូវសុខសន្តិភាពកន្លងមក ដោយការលំបាកនេះបាត់បង់ទៅវិញ ហើយសូមបងប្អូនមានការជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ដែលបានខិតខំពុះពារការពារសុខសន្តិភាព និងកសាងប្រទេសបន្តទៅទៀតនេះគឺមិនចង់ឲ្យសង្គ្រាម កើតមានជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើងទៀតបានឡើយ។
ព្រោះការលំបាកគឺវាស្ថិតនៅលើបងប្អូនកងទ័ពទាំងអស់ជាអ្នកប្រឈមមុខ ហើយសូមកុំជឿពួកអគតិផ្នែកគណបក្សនយោបាយប្រឆាំងមួយចំនួនល្មោភអំណាចក្បត់ជាតិដែលមានបរទេសនៅពីក្រោយខ្នងកំពុងតែរិះរកវិធីញុះញង់ជាច្រើនដង ទាំងនៅក្នុងស្រុក និងនៅបរទេស គ្រប់បែបយ៉ាងមិនឲ្យស្រុកទេសយើងរស់នៅបានសុខឡើយ ហើយសូមនាំគ្នាទៅចូលរួមបោះឆ្នោត ដើម្បីស្រុកទេសយើងទាំងអស់គ្នានៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះកុំបីខានឡើយ៕
The post ថវិកា៦៥លានរៀល ចែកជូនដល់ទាហានកងការពារព្រំដែនលេខ៥០៤ appeared first on Koh Santepheap Daily.