បាងកក ៖ ដំណើរកំសាន្តសុខភាពនៅក្រៅប្រទេសកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដូច្នេះរឿងចាំបាច់ជាច្រើនដែលអ្នកត្រូវរៀបចំឲ្យបានស្រេចបាច់ សម្រាប់ការណាត់ជួបវេជ្ជសាស្ត្រនៅក្រៅប្រទេស ដើម្បីឲ្យដំណើរកំសាន្តប្រកបដោយភាពរីករាយ ចំណេញពេលវេលា និងចំណាយលុយកាក់ប្រកបដោយប្រសិទ្ធភាព ។
ចំណុចសំខាន់ទី ១ នោះគឺអ្នកត្រូវកត់ត្រាទុកនូវអ្វីដែលជាការព្រួយបារម្ភរបស់អ្នក ហើយចាត់អាទិភាពនៃបញ្ហាដែលអ្នកចង់ពិភាក្សាជាមួយនឹងគ្រូពេទ្យ ឧទាហរណ៍ តើអ្នកមានរោគសញ្ញាថ្មី ដែលអ្នកចង់សួរគ្រូពេទ្យទេ? តើអ្នកចង់ចាក់ថ្នាំបង្ការរោគដែរឬទេ? តើអ្នកព្រួយបារម្ភអំពីរបៀបដែលការព្យាបាលថា ប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកដែរឬទេ?
លោកវេជ្ជបណ្ឌិត ឈីរ៉ាផាត អ៊ុកាឈុក ( Chirapat Ukachoke ) ដែលជាប្រធានផ្នែកប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យ Phyathai 3 Hospital នៅទីក្រុងបាងកក ប្រទេសថៃ មានប្រសាសន៍ថា ដំណើរកំសាន្តទេសចរណ៍សុខភាព គឺតម្រូវឲ្យអ្នកធ្វើដំណើរទេសចរណ៍សុខភាពក្រៅប្រទេស ដើម្បីធ្វើការពិនិត្យសុខភាព ឬក៏ព្យបាបាលសុខភាព ត្រូវរៀបចំនូវឯកសារសំខាន់ៗមួយចំនួនដូចជា ត្រូវនាំយកជាមួយនូវកំណត់ត្រាវេជ្ជសាស្ត្រ អំពីប្រវត្តិវេជ្ជសាស្ត្រកន្លងដែលបងប្អូនធ្លាប់ពិនិត្យ ឬក៏ធ្លាប់ទទួលការព្យាបាលពីមុនមក ។ មានន័យថា បងប្អូនត្រូវនាំមកជាមួយនូវរាល់កំណត់ត្រាវេជ្ជសាស្ដ្រពីមុនៗ និងការស៊ើបអង្កេតមន្ទីរពិសោធន៍ទាំងអស់, ក៏ដូចជា CT Scanning ឬ CD នៃការស្កេន MRI ប្រសិនបើពួកគេមាន។
លោកបន្តទៀតថា៖ «ប្រសិនបើបងប្អូនធ្លាប់ទទួលការព្យាបាលតាមរយៈការទទួលទានថ្នាំ គឺត្រូវយកមកជាមួយនូវប្រវត្តិសាស្ត្រនៃការព្យាបាលមុនៗ ហើយពួកគេគួរតែនាំយកថ្នាំទាំងអស់ដែលពួកគេ ធ្លាប់ទទួលទាន ទៅជាមួយ ប្រសិនបើពួកគេមកទទួលការព្យាបាលនៅប្រទេសថៃ ដូច្នេះពួកគេអាចទទួលបាននូវការព្យាបាល ជាពិសេសថា តើការព្យាបាលបន្តគួរតែមានការកែប្រែនូវការព្យាបាលរបស់ពួកគេឬអត់»។
ចំណុចសំខាន់មួយទៀតនោះគឺថា អ្នកត្រូវពិចារណាឲ្យបានច្បាស់លាស់ថា អ្នកនឹងនាំសមាជិកគ្រួសារ ឬមិត្តណាម្នាក់ទៅជាមួយអ្នកសម្រាប់ការពិនិត្យ និងព្យាបាលនៅក្រៅប្រទេស ។ ពេលខ្លះវាមានប្រយោជន៍ក្នុងការនាំសមាជិកគ្រួសារ ឬមិត្តជិតស្និទ្ធទៅជាមួយអ្នក ដូច្នេះចូរឱ្យសមាជិកគ្រួសារ ឬមិត្តភក្តិរបស់អ្នកដឹងជាមុននូវអ្វីដែលអ្នកចង់បានសម្រាប់ធ្វើដំណើរទេសចរណ៍សុខភាព ព្រោះថា ដៃគូរបស់អ្នកអាចរំលឹកអ្នកនូវអ្វីដែលអ្នកគ្រោងនឹងពិភាក្សាជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកភ្លេច ហើយពួកគាត់ក៏អាចកត់ចំណាំសម្រាប់អ្នក ហើយអាចជួយអ្នកចងចាំនូវអ្វីដែលគ្រូពេទ្យនិយាយប្រាប់អ្នក។
លោក រ៉ាតាភុង អាមហានវង់ ( Ratapong Ambhanwong) អនុប្រធានមន្ទីរពេទ្យ Bangkok Hospital ដែលជាមន្ទីរពេទ្យកម្រិតខ្ពស់មួយនៅចំកណ្តាលក្រុងបាងកកមានប្រសាសន៍ថា សម្រាប់បងប្អូនដែលធ្វើដំណើរកំសាន្តទេសចរណ៍សុខភាព គឺមិនបាច់ព្រួយបារម្មណ៍ពាក់ព័ន្ធនឹងបញ្ហាទិដ្ឋាការហួសពេលនោះទេ តួយ៉ាងបងប្អូនអាចធ្វើដំណើរពីកម្ពុជាទៅប្រទេសថៃ ដោយគ្រាន់តែកាន់លិខិតឆ្លងដែនជាអ្នកទេសចរធម្មតា បន្ទាប់មកបើសិនជាធ្វើការពិនិត្យសុខភាពទៅរកឃើញថា មានជំងឺធ្ងន់ធ្ងរត្រូវការសង្គ្រោះបន្ទាន់ និងត្រូវស្នាក់នៅមន្ទីរពេទ្យរយៈពេលយូរ គឺខាងមន្ទីរពេទ្យ Bangkok Hospital គឺខាងមន្ទីរពេទ្យនឹងជួយសម្រួលតាមរយៈការសាកសួរអ្នកជំងឺអំពីកាលបរិច្ឆេទផុតកំណត់នៃទិដ្ឋាការ ព្រោះមន្ទីរពេទ្យបានសហការជាមួយនឹងមន្ត្រីអន្តោប្រវេសន៍ថៃ ដែលមន្ត្រីអន្តោប្រវេសន៍ចុះពន្យាពេលទិដ្ឋាការដល់មន្ទីរពេទ្យរៀងរាល់ថ្ងៃសៅរ៍ ។
ចំណុចសំខាន់មួយទៀត គឺលោកអ្នកគួរស្នើសុំអ្នកបកប្រែ ប្រសិនបើអ្នកដឹងថា អ្នកមិនអាចទំនាក់ទំនងបានល្អជាភាសាអង់គ្លេស ឬប្រសិនបើវេជ្ជបណ្ឌិតដែលអ្នកបានជ្រើសរើស ឬត្រូវបានណាត់ជួបនៅក្រៅប្រទេស មិននិយាយភាសារបស់អ្នក ដូច្នេះចាំបាច់អ្នកត្រូវសួរទៅការិយាល័យវេជ្ជបណ្ឌិត ដើម្បីផ្តល់អ្នកបកប្រែ។ ករណីខ្លះបើទោះបីជា គ្រូពេទ្យនិយាយភាសាអង់គ្លេស ហើយរូបអ្នកផ្ទាល់អាចធ្វើទំនាក់ទំនងជាភាសាអង់គ្លេសក៏ពិតមែន តែពាក្យមួយចំនួនទាក់ទងនឹងលក្ខខណ្ឌវេជ្ជសាស្ដ្រ ជាភាសាអង់គ្លេសគឺអ្នកមិនអាចយល់បាន ដូច្នេះត្រូវរកអ្នកបកប្រែដែលនិយាយភាសាកំណើតរបស់អ្នក ។
ប្រាកដណាស់ អ្នកប្រហែលជាមានអារម្មណ៍ស្រួលក្នុងការនិយាយជាភាសាកំណើតរបស់អ្នក ជាពិសេសនៅពេលនិយាយអំពីរឿងរសើបៗ និងបញ្ហាទាក់ទងនឹងជំងឺធ្ងន់ធ្ងរ ដែលត្រូវការវះកាត់ ឬក៏ព្យាបាលបែបបច្ចេកវិទ្យាទំនើប ។ ដូច្នេះអ្នកអាចយល់ពីរោគវិនិច្ឆ័យរបស់អ្ន កឬការណែនាំដែលគ្រូពេទ្យប្រាប់អ្នក។
ជាក់ស្តែងមន្ទីរពេទ្យ Bangkok Hosptial, Bumrungrad International, Central General Hospital, Chularat ជាដើមសុទ្ធតែមានសេវាកម្មនៃការពន្យាពេលវីសានៅនឹងកន្លែងតែម្តង និងមានជនជាតិខ្មែរបម្រើការនៅមន្ទីរពេទ្យ ដើម្បីសម្រួលដល់អ្នកទេសចរសុខភាពពីប្រទសកម្ពុជាផងដែរ។
លោក ភាព សុផា អ្នកបកប្រែភាសាខ្មែរ-ថៃ និងជាប្រធានគ្រប់គ្រងអភិវឌ្ឍន៍ផ្នែកទីផ្សារកម្ពុជា ប្រចាំក្រុមមន្ទីរពេទ្យចូឡារ៉ាត់ (Chularat Hospital Group) មានប្រសាសន៍ថា ទេសចរណ៍សុខភាពមកពីប្រទេសកម្ពុជាទៅព្យាបាលនៅមន្ទីរពេទ្យចូឡារ៉ាត់ គឺមានចំនួនប្រមាណជា ៣០ នាក់ក្នុងមួយខែ ចូលមកពិនិត្យនៅមន្ទីរពេទ្យ Chularat 3 International Hospital ដែលមានចម្ងាយប្រមាណត្រឹមតែ ២០ គីឡូម៉ែត្រពីព្រលានយន្តហោះសុវណ្ណភូមិ និងជាមន្ទីរពេទ្យដែលគ្រប់គ្រងដោយ Chularat Hospital Group ហើយភាគច្រើនអ្នកជំងឺកម្ពុជាគឺមានបញ្ហាជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ជំងឺបេះដូង មហារីកថ្លើម ក៏ដូចជាជំងឺរលាកសន្លាក់ និងបញ្ហាក្រពះ ពោះវៀន ជាដើម ។
លោក ភាព សុផា បន្តថា ដោយសារតែមន្ទីរពេទ្យរបស់លោកធ្វើការសហការជាមួយនឹងបណ្តាមន្ទីរពេទ្យមួយចំនួននៅកម្ពុជា ហើយមន្ទីរពេទ្យរបស់លោកក៏ផ្តោតលើអតិថិជនជាជនជាតិកម្ពុជាផងនោះ ដូច្នេះអ្នកជំងឺធ្ងន់ធ្ងរដែលត្រូវបញ្ជូនបន្តពីប្រទេសកម្ពុជា មកមន្ទីរពេទ្យរបស់លោក គឺខាងពេទ្យនឹងជួយរៀបចំនូវដំណើរការទាំងមូលក្នុងការទទួលយកអ្នកជំងឺពីទឹកដីកម្ពុជាចូលទៅព្យាបាលនៅប្រទេសថៃ ។
លោក ភាព សុផា បន្តថា៖ «នៅពេលដែលខាងមន្ទីរពេទ្យនៅខ្មែរទំនាក់ទំនងមកខាងយើងថា ត្រូវការបញ្ជួនអ្នកជំងឺធ្ងន់ធ្ងរ ដូចជាអ្នកកើតជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ឬក៏អ្នកដែលត្រូវសង្គ្រោះបន្ទាន់ដោយសារតែជំងឺបេះដូង គឺយើងនឹងទាក់ទងទៅប៉ូលិសនៅព្រំដែនថា មានអ្នកជំងឺឈ្មោះនេះ ឬក៏ឈ្មោះនោះ ត្រូវការឆ្លងដែនមកព្យាបាលជាបន្ទាន់ គឺយើងសម្រួលនៅច្រកព្រំដែនជូនអ្នកជំងឺ។ បន្ទាប់មកទៀត គឺយើងយកឡានសង្គ្រោះបន្ទាន់ទៅទទួលនៅព្រំដែនតែម្តង។ ករណីខ្លះទៀត គឺខាងមន្ទីរពេទ្យនៅខ្មែរគ្រាន់តែថតបញ្ជួនអត្តសញ្ញាណប័ណ្ណអ្នកជំងឺគឺគ្រប់គ្រាន់ហើយ មិនចាំបាច់មានលិខិតឆ្លងដែននោះទេ » ។
ប្រធានគ្រប់គ្រងអភិវឌ្ឍន៍ផ្នែកទីផ្សារកម្ពុជា ប្រចាំក្រុមមន្ទីរពេទ្យចូឡារ៉ាត់ (Chularat Hospital Group) បានបន្តទៀតថា ដោយសារតែមន្ទីរពេទ្យមានទស្សនៈវិស័យទាក់ទាញអតិថិជនខ្មែរ ហេតុដូច្នេះហើយទើបមន្ទីរពេទ្យរបស់លោកដែលមានជំនាញឯកទេសខាងជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល និងការព្យាបាលជំងឺបេះដូងជាដើមបានសាងសង់ និងដាក់សម្ភោធជាផ្លូវការនូវសាខាមន្ទីរពេទ្យនៅខេត្តបាជីនបុរី (Prachin Buri) ដែលមានឈ្មោះថា មន្ទីរពេទ្យអន្តរជាតិ ចូឡារ៉ាត់ ៣០៤ ដែលមានចម្ងាយពីជាយដែនប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ប្រមាណ ១០០ គីឡូម៉ែត្រ ដែលគោលដៅសំខាន់គឺផ្តល់សេវាដល់ប្រជាជនកម្ពុជា និងថៃតែម្តង លើការព្យាបាលជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទដូចជា ជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ជំងឺមហារីក និងជំងឺបេះដូងជាដើម ៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
The post តើអ្នកត្រូវត្រៀមអ្វីខ្លះសម្រាប់ការណាត់ជួបវេជ្ជសាស្ត្រនៅក្រៅប្រទេស ? appeared first on Koh Santepheap Daily.