Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

នារី​ម៉ាស្សា ៖ ព្រោះតែ​អាជីព​ម៉ាស្សា ទើប​ធ្វើ​ឱ្យ​ខ្ញុំ​មានចំណេះ​ និង​ជំនាញ​ដូច​រាល់ថ្ងៃ​!

$
0
0

​រាជធានី​ភ្នំពេញ ​៖ ទោះជា​អាជីព​ជា​អ្នក​ម៉ាស្សា​ហាក់​មិនសូវ​មាន​តម្លៃ​ក្នុង​ក្រសែភ្នែក​ប្រជា​​ជន​កម្ពុ​ជាមួយ​ចំនួន​ក្ដី ប៉ុន្តែ​វា​អាច​ផ្តល់​ចំណូល​ប្រចាំខែ​ច្រើន​គួរសម​ដល់​នារី​ម៉ាស្សា​​ម្នាក់ មិន​ចាញ់​ការងារ​នៅ​ក្នុង​ស្ថាប័ន​ផ្សេង​ទៀត​​ឡើយ​។ សម្រាប់​នារី​ម៉ាស្សា​ម្នាក់​ដែល​ប្រកប​អាជីព​នេះ​អស់​រយៈ​​ពេល​១០ឆ្នាំ​នៅ​ហាង​ចំប៉ី​ស្ប៉ា បានឱ្យ​ដឹង​ថា បន្ទាប់​ពី​នាង​​ចាប់​អាជីព​ជានា​រី​ម៉ាស្សា​នៅ​ហាង​មួយ​នេះ ក្រៅពី​ធ្វើ​ឱ្យ​កញ្ញា​មាន​ជីវភាព​សមរម្យ​ជាង​មុន វា​ក៏​ផ្តល់​ចំណេះ និង​ជំនាញ​ជា​ច្រើន​សម្រាប់​កញ្ញា​ផង​ដែរ​។​

​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវដៃខ្លី​ពណ៌​បៃតងខ្ចី ខោជើងវែង ដែល​ជា​សម្លៀក​បំពាក់​ប្រចាំ​ហាង​​ចំប៉ី​ស្ប៉ា កញ្ញា​ទូច ស្រី​ណា ហៅ​ស្រី​ខួច បាន​ចាប់ផ្តើម​ធ្វើការ​ជា​អ្នក​ម៉ាស្សា​នេះ​តាំង​ពី​អាយុ​១៧​ឆ្នាំ​។​

​និយាយ​បណ្តើរ​អម​ដោយ​ស្នាមញញឹម​បណ្តើរ នារី​ម៉ាស្សា​សម្បុរ​ស្រអែម បច្ចុប្បន្ន​មាន​វ័យ​​២៧​ឆ្នាំ បាន​រៀបរាប់​ថា កាលពី​ដំបូង​កញ្ញា មិន​បាន​ចាប់អារម្មណ៍ ​និង​អាជីព​ជា​អ្នក​ម៉ាស្សា​​នេះ​ទេ ដោយសារ​តែ​អាជីព​នេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ រួម​ទាំង​កញ្ញា​ផង​នោះ យល់​ថា ​មិនល្អ និង​គិត​ថា ជា «​របរ​ផ្លូវ​រកស៊ី​ផ្លូវភេទ​» ប៉ុន្តែ​ក្រោយ​ពី​បងប្អូន​នាង​បាន​ណែ​នាំ​​ឱ្យមក​ធ្វើការ​នៅ​ហាង​ចំប៉ី​ស្ប៉ា​នេះ ធ្វើ​ឱ្យ​ជីវិត​កញ្ញា​ប្រែប្រួល​យ៉ាង​ខ្លាំង​។ បច្ចុប្បន្ន​នេះ​កញ្ញា​បាន​ក្លាយជា​គ្រូ​បង្គោល បណ្តុះបណ្តាល​បុគ្គលិក​ប្រចាំ​ហាង​ចំប៉ី​ស្ប៉ា បន្ទាប់​ពី​ធ្វើ​បាន​​៦​ឆ្នាំ ខណៈ​ដែល​កាលពីមុន​នាង​ត្រឹមតែ​ជា​ក្មេង​ស្រី​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​មិន​ចេះអក្សរ​ទៀត​។​

​ក្នុង​ទឹកមុខ​ស្រស់ស្រាយ​រាក់ទាក់ ស្រី​ខួច បាន​និយាយ​ថា បន្ទាប់​ពី​ចូល​ធ្វើការ​នៅ​ហាង​ចំប៉ី​​ស្ប៉ា ម្ចាស់​ហាង​បាន​ផ្តល់​ឱកាស​ឱ្យ​នាង​បានរៀន​​សូត្រ និង​រៀន​ស្វែង​យល់​ពី​សង្គម ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កញ្ញា​អាច​ចេះ​អាន និង​សរសេរ​អក្សរ​បាន ហើយ​ថែម​ទាំង​​យល់​ដឹង​ពី​បញ្ហា​សង្គម​បាន​ច្រើន​ជាង​មុន​។​

​កញ្ញា​ទូច ស្រី​ណា គ្រូ​បង្គោល​ម៉ាស្សា​ប្រចាំ​ហាង​ចំប៉ី​ស្ប៉ា​រូប​នេះ រៀបរាប់​បន្ថែម​ថា​៖ «និយាយ​ទៅ​អាជីព​ម៉ាស្សា​នេះ គឺ​ផ្តល់​អត្ថប្រយោជន៍​ដល់​ខ្ញុំ​ច្រើន​នៅ​នេះ ។ ទី​១.​ផ្តល់​ឱ្យ​ខ្ញុំ​យល់​ដឹង​ពី​សង្គម ។ ទី​២.​ផ្តល់​ចំណេះដឹង​ជា​អក្សរ​ឱ្យ​ខ្ញុំ​ចេះ​សរសេរ ចេះ​អាន ចេះ​ស្តាប់ ហើយ ទី​៣.​ផ្តល់​ចំណេះដឹង​កាយវិការ​ក្បាច់​ម៉ាស្សា ហើយ​ក្បាច់​នេះ​បែប​សុខភាព ដល់​យើង​យល់​ដឹង​ច្រើន ហើយ​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​យើង​បាន​ច្រើន ហើយ​យើង​ក៏​ផ្តល់​ឱ្យ​អតិថិជន​ទៅ​វា​មាន​ប្រសិទ្ធ​ភាព​» ។​

​ហាង​ចំប៉ី​ស្ប៉ា ជា​ហាង​មួយ​ដែល​រក្សា​នូវ​ក្បាច់​ម៉ាស្សា​បែប​បុរាណ ។ មិន​ត្រឹមតែ​ក្បាច់​ម៉ាស្សា​​នោះ​ទេ ការ​រចនា​ហាង​នេះ​មាន​លក្ខ​ណៈ​បុរាណ​ដែរ ដោយ​លាយ​លំ​នឹង​ធម្មជាតិ ស័​ក្តិសមជា​កន្លែង​សម្រាប់​សំរាកកាយ សម្រួល​អរ​ម្ម​ណ៍​ហត់នឿយ និង​ការ​ឈឺ​ចុករោយ ក្រោយ​រង​សម្ពាធ​ពី​​ការងារ​ធ្ងន់​ៗ​។ ហាង​ចំប៉ី​ស្ប៉ា បាន​ផ្តល់​សេវាកម្ម ម៉ាស្សា​ ដើម្បី​ជួយ​សម្រួល ​និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​លើ​សុខភាព​សារពាង្គកាយ​ដូច​ជា ការ​ឈឺ​ចុកចាប់​តាម​រយៈ​សរសៃពួរ​សាច់​ដុំ សន្លាក់ឆ្អឹង ភាព​ចុក​រោយ​ស្ពឹក​ស្រពន់ ចលនា​ឈាម ​និង​សម្ពាធ​ខ្យល់​ដំណើរការ​មិនល្អ ភាព​តានតឹង​ក្នុង​អារ​ម្ម​ណ៍​…​ល​។ អ្វី​កាន់តែ​ពិសេស​​នោះ គឺ​រក្សា​ទំនៀមទំលាប់​ប្រពៃណី​ពី​បុរាណ​តាម​រយៈ​ស្ទា​យ​ម៉ាស្សា​ខ្មែរ​បុរាណ។​

​រហូត​មក​ទល់​បច្ចុប្បន្ន​ហាង​ចំ​បី​ស្ប៉ា​មាន​៥​សាខា​នៅ​រាជធានី​ភ្នំពេញ​។ សេវាកម្ម​របស់​ហាង​​នេះ ​ត្រូវ​បាន​ចែក​ជា​ពីរ​ផ្នែក​ធំ​ៗ​គឺ​៖ ទី​1 សេវាកម្ម​ម៉ាស្សា​ផ្នែក​សុខភាព​មាន​៥​សេវា​កម្ម និង​ទី​2 សេវាកម្ម​ថែរក្សា​សម្រស់​មាន​៤​សេវាកម្ម​។ ហាង​មួយ​នេះ មិនមែន​តែ​ផ្តល់​ចំណេះ​ដឹង​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ជីវភាព​កញ្ញា​ស្រី​ខួច​មាន​ជីវភាព​ល្អ​ជាង​មុន ដែល​អាច​​មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​គ្រួសារ​មិន​ឱ្យ​ខ្លះ​ខាត​ថែម​ទៀត​ផង​។ ព្រោះ​នៅ​ទី​នេះ ក្រៅពី​ផ្តល់​ប្រាក់ខែ​ក៏​មាន​ផ្តល់​ប្រាក់​ម៉ោង និង​ប្រាក់​ធីប​ពី​ភ្ញៀវ​ទៀត​ផង​។​

​ជា​ការ​ពិត​មនុស្ស​មួយ​ចំនួន​បាន​វាយតម្លៃ​ថា អាជីព​ម៉ាស្សា​ជា​អាជីព​មួយ​មិនល្អ ស្រដៀង​​នឹង​សេវាកម្ម​ផ្លូវភេទ ដែល​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​យល់​ច្រ​លំ និង​បាន​ប្រើ​ពាក្យ​សម្តី​មាក់ងាយ​ទៅ​កាន់​នារី​ម៉ាស្សា​។ សូ​ម្បី​តែ​កញ្ញា​ស្រីខូច​ផ្ទាល់​ដែល​ធ្វើការ​នៅ​ហាង​ចំប៉ី​ស្ប៉ា ជា​ហាង​ដែល​ផ្តល់​តែ​សេវាកម្ម ម៉ាស្សា និង​ស្ប៉ា ដើម្បី​ឱ្យ​ភ្ញៀវ​បាន​សម្រាក​ចិត្ត​កាយ ក៏​ធ្វើ​ធ្លាប់​ជួប​បញ្ហា​នេះ​ដែរ​។​

​ស្រី្ត​ម៉ាស្សា​ដែល​មានស្រុក​កំណើត​នៅ​កៀនស្វាយ​រូប​នេះ​បាន​ប្រាប់​ថា ៖ «​ខ្ញុំ​ផ្ទាល់ ភ្ញៀវ​ខ្លះ​គាត់​យក​លុយ​មក​ជះ​មក​លើ​ខ្ញុំ​អ៊ីចឹង ប៉ុន្តែ​អាស្រ័យ​លើ​ខ្លួនឯង​ចេះ​ឱ្យ​តម្លៃ​លើ​ខ្លួនឯង យើង​ក៏​និយាយ​ប្រាប់​ភ្ញៀវ​ថា ​កន្លែង​នេះ​មិនមែន​ជា​កន្លែង​ប្រើ​សេវាកម្ម​ផ្សេង​ទេ​បង ។ កន្លែង​​នេះ ​ជា​កន្លែង​ផ្តល់​សេវាកម្ម​សុខភាព​ធ្វើ​ឱ្យ​បង​បាន​កាត់​បន្ថយ​ភាព​តាន​តឹង ភ្ញៀវ​ខ្លះ​គាត់​យល់​ដឹង ភ្ញៀវ​ខ្លះ​គាត់​អត់​យល់​ដឹង ។ គាត់​មក គាត់​ចាប់​គាត់​អី​អ​ញ្ចឹ​ង គាត់​យក​លុយ​​មក​ជះ​លើ​បុគ្គលិក​»​។​

​បើ​ទោះបីជា​ធ្លាប់​ជួប​រឿងរ៉ាវ​បែប​នេះ ក៏​ដោយ ប៉ុន្តែ​កញ្ញា មិន​ដែល​គិត​នឹង​បោះបង់​អាជីព​មួយ​​នេះ​ឡើយ​។ ​កញ្ញា​បន្ត​ថា នៅ​ថ្ងៃ​មុខ​ប្រសិនបើ​កញ្ញា​មាន​លទ្ធភាព កញ្ញា​នឹង​បើក​ហាង​​ម៉ាស្សា និង​ស្ប៉ា​តូច​មួយ​៕

The post នារី​ម៉ាស្សា ៖ ព្រោះតែ​អាជីព​ម៉ាស្សា ទើប​ធ្វើ​ឱ្យ​ខ្ញុំ​មានចំណេះ​ និង​ជំនាញ​ដូច​រាល់ថ្ងៃ​! appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>